My Health Partner Logo
Home / ជំងឺទឹកនោមផ្អែម / តើជំងឺទឹកនោមផ្អែមជាអ្វី?
ការរស់នៅជាមួយជំងឺទឹកនោមផ្អែម
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ដើម្បីស្វែងយល់អំពីជំងឺទឹកនោមផ្អែម ផលប៉ះពាល់របស់វា មូលហេតុ ផលវិបាក និងរបៀបគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែម

តើជំងឺទឹកនោមផ្អែមជាអ្វី?

what is diabetes illustration

ជំងឺទឹកនោមផ្អែម ជាជំងឺមេតាបូលីសរ៉ាំរ៉ៃ។ វាជាជំងឺរុំារ៉ែដែលប៉ះពាល់ដល់វិធីរំលាយអាហារនៅក្នុងខ្លួន។ ដោយសារអាហារត្រូវបានរំលាយជាម៉ូលេគុលតូចៗ ដែលអាចប្រើជាប្រភពថាមពលដោយកោសិការបស់រាងកាយ កាបូអ៊ីដ្រាតភាគច្រើនប្រែទៅជាគ្លុយកូស និងត្រូវបញ្ចេញទៅក្នុងចរន្តឈាម។

បរិមាណជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងដោយអាំងស៊ុយលីន (insulin) ដែលជាអរម៉ូនដែលផលិតដោយលំពែង ដែលជាសរីរាង្គនៅក្នុងពោះ។ និយាយឱ្យសាមញ្ញ អាំងស៊ុយលីនដើរតួនាទីជាកូនសោរដែលធ្វើឱ្យជាតិស្ករក្នុងឈាមចូលទៅក្នុងកោសិការបស់រាងកាយ ដូចនេះធ្វើឱ្យជាតិស្ករក្នុងឈាមថយចុះ។

ក្នុងករណីមានជំងឺទឹកនោមផ្អែម ការផលិតអាំងស៊ុយលីន (insulin) មិនគ្រប់គ្រាន់ ឬរាងកាយរបស់អ្នកមិនអាចប្រើប្រាស់អាំងស៊ុយលីនបានល្អ ដែលគេហៅថា ភាពធន់នឹងអាំងស៊ុយលីន (insulin resistance)។ ក្នុង​ករណី​ណា​មួយក៏ដោយ ​ជាតិ​ស្ករ​លើស​ក្នុង​ចរន្ត​ឈាម​​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។​1

តើជំងឺទឹកនោមផ្អែមត្រូវបានធ្វើរោគវិនិច្ឆ័យរបៀបណា?

ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម ពឹងផ្អែកលើការធ្វើតេស្តជាតិស្ករក្នុងឈាមអាចធ្វើនៅស្ថានភាពផ្សេងៗគ្នាដូចជា នៅពេលពោះទទេ (> 8 ម៉ោង) មុន និងក្រោយពេលផឹកទឹកស្ករពិសេសម្យ៉ាង និងការធ្វើតេស្ត HbA1c ដែលវាស់កម្រិតជាតិស្ករក្នុងឈាមជាមធ្យមរយៈពេល 2 ទៅ 3 ខែចុងក្រោយ ឬការធ្វើតេស្តជាតិស្ករក្នុងពេលណាមួយ។ ក្នុងករណីមានជំងឺទឹកនោមផ្អែមប្រភេទផ្សេង ក្រៅពីប្រភេទទី 2 តម្រូវឱ្យធ្វើតេស្តផ្សេងទៀត។​2

តើ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ​2 ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​​របៀប​ណា​?

មានវិធីជាច្រើនដើម្បីធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ ជាធម្មតា វិធីនីមួយៗត្រូវធ្វើម្តងទៀតនៅថ្ងៃទីពីរ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។ ការធ្វើតេស្តគួរតែត្រូវធ្វើនៅកន្លែងថែទាំសុខភាព (ដូចជាការិយាល័យគ្រូពេទ្យ ឬមន្ទីរពិសោធន៍)។ បើគ្រូពេទ្យបញ្ជាក់ថា កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកខ្ពស់ខ្លាំង ឬប្រសិនបើអ្នកមានរោគសញ្ញាទូទៅនៃជាតិស្ករក្នុងឈាមខ្ពស់ បន្ថែមពីលើតេស្តវិជ្ជមាន គ្រូពេទ្យប្រហែលជាមិនតម្រូវឱ្យធ្វើតេស្តលើកទីពីរ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមនោះទេ។ នេះជាវិធីទូទៅចំនួនបី សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម៖
arrow circle
HbA1C: ការធ្វើតេស្ត HbA1C វាស់កម្រិតជាតិស្ករក្នុងឈាមជាមធ្យមក្នុងរយៈពេល 2 ទៅ 3 ខែចុងក្រោយ។ គុណសម្បត្តិ​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​វិធី​នេះ គឺ​អ្នក​មិន​ចាំបាច់ត្រូវ​តម​អាហារ ឬ​ភេសជ្ជៈ​អ្វី​ឡើយ។ ជំងឺទឹកនោមផ្អែមត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេល HbA1C ខ្ពស់ជាង ឬស្មើ 6.5%
arrow circle
តេស្តជាតិស្ករពេលពោះទទេ (FPG)៖ ការធ្វើតេស្តនេះពិនិត្យកម្រិតជាតិស្ករក្នុងឈាម ពេលពោះទទេ (លើកលែងតែទឹក) យ៉ាងហោចណាស់ 8 ម៉ោងមុនពេលធ្វើតេស្ត។ ការ​ធ្វើ​តេស្ត​នេះ​ ជា​ធម្មតា​​ធ្វើ​​នៅ​ពេល​ព្រឹក មុន​​អាហារ​ពេល​ព្រឹក។ ជំងឺទឹកនោមផ្អែមត្រូវបានធ្វើរោគវិនិច្ឆ័យ នៅពេលកម្រិតជាតិស្ករពេលពោះទទេខ្ពស់ជាង ឬស្មើ 126 mg/dL
arrow circle
ការធ្វើតេស្តដោយផឹកទឹកស្ករ (OGTT): ការធ្វើតេស្តនេះមានរយៈពេល 2 ម៉ោង ដែលពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកមុន និង 2 ម៉ោងបន្ទាប់ពីអ្នកផឹកទឹកស្ករផ្អែមពិសេស។ តេស្តនេះប្រាប់គ្រូពេទ្យពីរបៀបដែលរាងកាយរបស់អ្នកដំណើរការស្ករ។ ជំងឺទឹកនោមផ្អែមត្រូវបានធ្វើរោគវិនិច្ឆ័យ នៅពេលតេស្តដោយផឹកទឹកស្ករ 2 ម៉ោងនេះខ្ពស់ជាង ឬស្មើ 200 mg/dL
American Diabetes Association – Diagnosis.

បង្ហាញឯកសារយោង

ឯកសារយោង

4
WHO. Global report on diabetes. 2016.
6
CDC. Type 1 Diabetes – Basics – Diabetes. 2019
7
WHO. FAQs -Frequently Asked Questions on Diabetes. 2016