My Health Partner Logo
ជំងឺលើសសម្ពាធឈាម

គន្លឹះ ៧ យ៉ាងដើម្បីរស់នៅកាន់តែប្រសើរជាមួយជំងឺលើសសម្ពាធឈាម

woman taking her blood pressure

1. ទទួលការព្យាបាល! 
គោលបំណង គឺដើម្បីឲ្យសម្ពាធឈាមត្រឡប់ទៅរកកម្រិតធម្មតាតាមដែលអាចធ្វើទៅបាន។ នេះ គឺសំខាន់ណាស់ ដែលជួយបង្កើនអាយុសង្ឃឹមរស់ (Life expectancy) និងគុណភាពជីវិតរបស់អ្នក ទោះបីជាអ្នកមិនមានអារម្មណ៍ថាឈឺក៏ដោយ។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវកែតម្រូវរបៀបរស់នៅដែលមិនសមស្រប ហើយចាំបាច់នឹងប្រើថ្នាំបញ្ចុះសម្ពាធឈាម ដែលយើងហៅសាមញ្ញថា ថ្នាំលើសឈាម។

2. ដឹងពីភាពចាំបាច់នៃការលេបថ្នាំរាល់ថ្ងៃ
យើងមិនទាន់ដឹងពីរបៀបព្យាបាលជំងឺលើសសម្ពាធឈាមឱ្យជាដាច់នៅឡើយទេ។ អ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺបញ្ចុះសម្ពាធឈាមជាមួយនឹងថ្នាំបញ្ចុះសម្ពាធឈាម (ថ្នាំលើសឈាម)។ ពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកពីប្រសិទ្ធភាពការពារនៃថ្នាំទាំងនេះ។

3. សូមកុំភ្លេចលេបថ្នាំបញ្ចុះសម្ពាធឈាមរបស់អ្នក
ដើម្បីគ្រប់គ្រងសម្ពាធឈាម វាជារឿងចាំបាច់ដែលអ្នកត្រូវលេបថ្នាំរបស់អ្នកជារៀងរាល់ថ្ងៃតាមការណែនាំរបស់គ្រូពេទ្យ។ 

4. លេបថ្នាំរបស់អ្នកឱ្យទៀងពេលរាល់ថ្ងៃ 
ក្នុងជីវិតប្រចាំថ្ងៃ ជារឿងសំខាន់ដែលភ្ជាប់ទម្លាប់ការលេបថ្នាំរបស់អ្នកជាមួយនឹងសកម្មភាពប្រចាំថ្ងៃផ្សេងទៀតដែលអ្នកធ្វើក្នុងពេលតែមួយ ដូចជាការដុសធ្មេញ និងពេលទទួលទានអាហារ។ នេះជាមធ្យោបាយដែលមានប្រសិទ្ធភាពណាស់ដើម្បីជៀសវាងការភ្លេចលេបថ្នាំ។ អ្នកក៏អាចប្រើទូរស័ព្ទរបស់អ្នកដើម្បីជួយរំលឹកផងដែរ។ នេះមានសារៈសំខាន់ដើម្បីបង្កើតទម្លាប់ល្អ និង 
ដើម្បីជៀសវាងការធ្លាក់ចុះនៃកម្រិតថ្នាំក្នុងឈាមរបស់អ្នក បើជាចន្លោះនៃការលេបថ្នាំវែងហួស។ 

5. ពិភាក្សាជាមួយគ្រូពេទ្យអ្នកពីផលរំខានរបស់ថ្នាំដែលអាចកើតមាន
ថ្នាំណាដែលមានប្រសិទ្ធភាព អាចមានផលរំខានមួយ ឬច្រើន។ ភាគច្រើនផលរំខានទាំងនេះ គឺស្រាល ហើយបាត់ទៅវិញដោយគ្មានផលប៉ះពាល់ជាអចិន្ត្រៃយ៍ទេ នៅពេលឈប់ប្រើថ្នាំ។ ជាការសំខាន់ដែលអ្នកត្រូវប្រាប់គ្រូពេទ្យរបស់អ្នកពីផលរំខាននេះ ជាជាងឈប់លេបថ្នាំដោយខ្លួនឯង។ គ្រូពេទ្យរបស់អ្នកអាចសម្រេចចិត្តបន្ថយកម្រិតថ្នាំ ឬជំនួសដោយថ្នាំផ្សេង។ 

6. បើគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំច្រើនមុខ អ្នកអាចយល់ព្រមប្រើ ឬអាចស្នើផ្លាស់ប្តូរថ្នាំ
ការប្រើថ្នាំ 2 ឬ 3 មុខបញ្ចូលគ្នាអាចចាំបាច់ បើសម្ពាធឈាមមិនអាចបញ្ចុះបានល្អដោយថ្នាំតែមួយមុខ។ សព្វថ្ងៃនេះ អ្នកជំងឺភាគច្រើនត្រូវការថ្នាំបូកបញ្ចូលគ្នាច្រើនមុខ ដើម្បីគ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ។ ការដែលថាថ្នាំពីរ ឬច្រើនមុខអាច បូកបញ្ចូលគ្នាក្នុងគ្រាប់តែមួយ មានន័យថាអ្នកជំងឺអាចប្រើថ្នាំយ៉ាងច្រើន 1 ឬ 2 គ្រាប់ក្នុងមួយថ្ងៃ។ បើអ្នកឃើញថា មានថ្នាំច្រើនមុខពេកនៅក្នុងវេជ្ជបញ្ជារបស់អ្នក សូមពិគ្រោះជាមួយគ្រូពេទ្យ។ គាត់ប្រហែលជាអាចរកវិធីដើម្បីសម្រួលថ្នាំទាំងនេះឲ្យនៅតិចគ្រាប់។
 
7. សម្របរបៀបរស់នៅរបស់អ្នកជាមួយស្ថានភាពអ្នក
កាត់បន្ថយអំបិលក្នុងរបបអាហារអ្នក ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងយកចិត្តទុកដាក់លើទម្ងន់អ្នក។ ទម្លាប់ទាំងនេះនឹងជួយឱ្យអ្នកគ្រប់គ្រងសម្ពាធឈាមបានកាន់តែល្អ។ ប្រសិនបើអ្នកអាចគ្រប់គ្រងភាពតានតឹងក្នុងជីវិតរបស់អ្នកបានប្រសើរជាងមុន និងឈប់ជក់បារី វានឹងផ្តល់ផលកាន់តែ ល្អដល់សរសៃឈាម និងសុខភាពរបស់អ្នក!