My Health Partner Logo
ជំងឺលើសសម្ពាធឈាម

តើខ្ញុំត្រូវប្រើថ្នាំរហូតមួយជីវិតឬ?

take treatment

 

បើអ្នកពិតជាពិនិត្យឃើញថាមានជំងឺលើសសម្ពាធឈាម ហើយបើគ្មានមូលហេតុបណ្តោះអាសន្ន ឬមូលហេតុអ័រម៉ូនណាដែលធ្វើឱ្យសម្ពាធឈាមឡើងទេ អ្នកប្រហែលជាត្រូវលេបថ្នាំជារៀងរាល់ថ្ងៃដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នកពេញមួយជីវិត។ វាស្តាប់ទៅដូចជាស្មុគស្មាញ ប៉ុន្តែអ្នកនឹងឃើញថា អ្នកជំងឺលើសសម្ពាធឈាមភាគច្រើនអាចធ្វើកាតព្វកិច្ចនេះបានល្អ វាដូចជាការដែលអ្នកត្រូវដុសធ្មេញរបស់អ្នកជារៀងរាល់ថ្ងៃ។ 

ទោះបីជាអ្នកត្រូវប្រើថ្នាំអស់មួយជីវិតក៏ដោយ ប៉ុន្តែគ្រូពេទ្យអាចផ្លាស់ប្តូរវាដែរទៅតាមពេលវេលា ព្រោះគ្រូពេទ្យមិនត្រឹមតែគិតគូរពីតួលេខសម្ពាធឈាមរបស់អ្នកប៉ុណ្ណោះទេ គាត់ក៏គិតដល់លក្ខខណ្ឌផ្សេងទៀតដែលអ្នកមាន ដែលអាចប៉ះពាល់ដល់ការព្យាបាលរបស់អ្នក។ ក្នុងករណីនេះ លោកគ្រូអាចដំឡើង ឬបន្ថយកម្រិតថ្នាំរបស់អ្នក អាស្រ័យលើកត្តាផ្សេងទៀត ដែលនេះជាមូលហេតុសំខាន់ខ្លាំងដែលអ្នកត្រូវតាមដានជាប្រចាំជាមួយគ្រូពេទ្យដែលស្គាល់អ្នកច្បាស់។ 

ជាការពិត គំនិតនៃការលេបថ្នាំពេញមួយជីវិតអាចគួរឱ្យខ្លាច នៅពេលដែលអ្នកមិនយល់ពីមូលហេតុដែលអ្នកត្រូវលេបថ្នាំទាំងនេះ ឬនិយាយម្យ៉ាងទៀត អ្នកមិនដឹងពីអត្ថប្រយោជន៍នៃថ្នាំព្យាបាល។ ការព្យាបាលជំងឺលើសសម្ពាធឈាមធានាបង្កើនអាយុសង្ឃឹមរស់ (life expectancy) និងបន្ថយភាពចាស់នៃសរសៃឈាម។ បើអ្នកយល់ពីរឿងនេះ វានឹងកាន់តែងាយស្រួលក្នុងការទទួលយកថា អ្នកត្រូវការលេបថ្នាំរបស់អ្នក ហើយការព្យាបាលពេញមួយជីវិតក្លាយជាការព្យាបាលដែលផ្តល់ជីវិត។